ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន កោតសរសើរដល់គណៈអភិបាលខេត្ត ដែលបានបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ឱ្យបានជ្រួតជ្រាបនូវសភាពការណ៍ថ្មីៗ និងគោលការណ៍ គោលនយោបាយថ្មីៗដែលថ្នាក់លើបានដាក់ចេញ។ ជាមួយគ្នានេះគណៈបញ្ជាការរដ្ឋបាលឯកភាពគ្រប់ថ្នាក់ ក៏បានបន្តដាក់ចេញនូវវិធានការណ៍នានា រួមមាន៖ ការធានាការពារសុខសុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមជាមួយផែនការ វិធានការយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់កាត់បន្ថយបទល្មើសនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសរក្សាបានសន្តិសុខ សុវិត្ថភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱសកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍កាលពីពេលកន្លងទៅនេះបានយ៉ាងល្អប្រសើរ។ មួយវិញទៀត ឯកឧត្តមអភិបាលខេត្ត បានបន្តដាក់ចេញ និងជំរុញនូវវិធានការយ៉ាងស្រួចស្រាល់ ចាត់វិធានការទប់ស្កាត់ បង្ក្រាបបទល្មើស scam online ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍ដឹកនាំណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើរឱ្យអង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើបញ្ហាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថានខេត្ត ត្រូវបន្តការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់យល់ដឹងក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន គ្មានអនាម័យ គ្មានសោភ័ណភាព។ ចំពោះសិស្សានុសិស្ស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ត្រូវតែបន្តខិតខំផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្សទាំងអស់ ឱ្យបានយល់ដឹងអំពីការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវទៅតាមប្រភេទផងដែរ។
ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយត្រូវរុះរើសំណង់ ផ្លាកយីហោ ឬសំយាបដែលប៉ះពាល់ដល់ផ្លូវសាធារណៈ ដែលអាចបង្កជាការកកស្ទះ គ្មានសោភ័ណ្ឌភាព និងគ្មានសណ្ដាប់ធ្នាប់ ឬអាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ការអនុវត្តអាជ្ញាធរត្រូវធ្វើឡើងក្នុងស្មារតី ទន់ភ្លន់ តែម៉ឺងម៉ាត់ និងមានលទ្ធផលល្អប្រសើរ។










